ព្រះត្រៃបិដក ភាគ ៤០
[៨១] ម្នាលភិក្ខុទាំងឡាយ ការសាបសូន្យចាកយសនេះ ជាការសាបសូន្យបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯការសាបសូន្យចាកបញ្ញានេះ ទើបជាការសាបសូន្យដ៏លាមក ជាងការសាបសូន្យទាំងអស់។
[៨២] ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនដោយយសនេះ ជាសេចក្តីចំរើនបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯសេចក្តីចំរើនដោយបញ្ញានេះ ទើបជាសេចក្តីចំរើនប្រសើរ ជាងសេចក្តីចំរើនទាំងអស់ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងចំរើនដោយបញ្ញាវុឌ្ឍិ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។
ចប់ វគ្គ ទី៨។
[៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែសេចក្តីប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
[៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីមិនប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែសេចក្តីមិនប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
ID: 636852705722824507
ទៅកាន់ទំព័រ៖