ព្រះត្រៃបិដក ភាគ ៤១
មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូច ភពធំទេ ក៏អាត្មាអញ ជាបុគ្គលដែលជាតិ ជរា មរណៈ សោក សេចក្ដីខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្ដីចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានសេចក្ដីទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ អាត្មាអញ បួសយ៉ាងនេះហើយ ត្រិះរិះកាមវិតក្កៈក្ដី ត្រិះរិះព្យាបាទវិតក្កៈក្ដី ត្រិះរិះវិហឹសាវិតក្កៈក្ដី លោកសន្និវាសនេះសោត ក៏ធំ ទោះក្នុងលោកសន្និវាសធំមែន ក៏គង់មានសមណព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តបុគ្គលដទៃ ពួកសមណព្រាហ្មណ៍ទាំងនោះ រមែងឃើញអំពីចម្ងាយ ទោះនៅជិត ក៏មិនប្រាកដ រមែងដឹងច្បាស់ នូវចិត្តដោយចិត្ត ពួកសមណព្រាហ្មណ៍ទាំងនោះ គង់ដឹងអាត្មាអញ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សូមអ្នកមើលកុលបុត្រនេះ ចេញចាកផ្ទះមកបួស ដោយសទ្ធាហើយ នៅតែច្របូកច្របល់ ដោយធម៌ ជាអកុសលដ៏លាមក។
ID: 636853126391825398
ទៅកាន់ទំព័រ៖