ព្រះត្រៃបិដក ភាគ ៤១
ដល់ជន៣នាក់ ដូចម្ដេច។ គឺជាអ្នកធ្វើឲ្យអន្តរាយបុណ្យ របស់ទាយក ១ ធ្វើឲ្យអន្តរាយលាភ របស់បដិគ្គាហកៈទាំងឡាយ ១ គាស់រំលើងគុណរបស់ខ្លួនផង កំចាត់គុណរបស់ខ្លួនផង ដែលមានក្នុងកាលមុន ១។ ម្នាលវច្ឆៈ អ្នកណាហាមឃាត់បុគ្គលដទៃកំពុងឲ្យទាន អ្នកនោះឈ្មោះថា ធ្វើអន្តរាយ ដល់ជនទាំង ៣នាក់នេះ បៀតបៀនដល់ជនទាំង៣នាក់នេះ។ ម្នាលវច្ឆៈ ចំណែកខាងតថាគត ពោលយ៉ាងនេះថា សូម្បីពួកសត្វមានជីវិតណា ដែលនៅក្នុងអណ្ដូងស្មោកគ្រោកក្ដី រណ្ដៅស្មោកគ្រោកក្ដី ជនណាចាក់នូវទឹកលាងចានក្ដី ទឹកលាងឆ្នាំងក្ដី ក្នុងទីស្មោកគ្រោកនោះ ដោយគិតថា ពួកសត្វណា មានក្នុងទីស្មោកគ្រោកនោះ សត្វទាំងនោះ ចូរញុំាងជីវិត ឲ្យរស់នៅ ដោយកាកអាហារនោះចុះ ម្នាលវច្ឆៈ គ្រាន់តែប៉ុណ្ណឹងទេ តថាគតហៅថា ហេតុជាទីមក នៃបុណ្យ ចាំបាច់ពោលទៅថ្វី ដល់ពួកមនុស្ស។ ម្នាលវច្ឆៈ តថាគតគ្រាន់តែពោលថា ទានដែលឲ្យដល់បុគ្គលមានសីល មានផលច្រើន ដល់បុគ្គលទ្រុស្តសីល មិនដូច្នោះទេ។ ព្រោះបុគ្គលមានសីលនោះ លះអង្គ៥ ប្រកបដោយអង្គ៥។ លះអង្គ៥ ដូចម្ដេច។ គឺជាអ្នកលះកាមច្ឆន្ទៈ ១ លះព្យាបាទៈ ១ លះថីនមិទ្ធៈ ១ លះឧទ្ធច្ចកុក្កុច្ចៈ ១ លះវិចិកិច្ឆា ១។
ID: 636853135066551564
ទៅកាន់ទំព័រ៖