ព្រះត្រៃបិដក ភាគ ៤១
មិនប្រកាន់មាំ ប្រាសចាកកំដៅ គឺកិលេស ទានដែលបុគ្គលឲ្យហើយក្នុងខេត្ត ដែលប្រាសចាកធូលី មានរាគៈ ជាដើមនោះឯង ជាទានមានផលធំទូលាយ ក៏យ៉ាងនោះដែរ។ ចំណែកខាងពួកបុគ្គលពាល អប្បប្រាជ្ញា មិនបានរៀនសូត្រ មិនស្គាល់ (បុញ្ញក្ខេត្ត) រមែងឲ្យទានខាងក្រៅ (ពុទ្ធសាសនា) មិនដែលចូលទៅជិតពួកសប្បុរស។ បើពួកបុគ្គលណា ចូលទៅជិតពួកសប្បុរស ជាអ្នកមានប្រាជ្ញា សន្មតថា ជាអ្នកប្រាជ្ញ សទ្ធាជាឫសគល់ របស់ពួកបុគ្គលនោះ ស្ថិតនៅក្នុងព្រះសុគត បុគ្គលទាំងនោះ រមែងទៅកាន់ទេវលោក ឬក៏កើតក្នុងត្រកូល (មានត្រកូលក្សត្រិយ៍ ជាដើម) នាលោកនេះ ជាពួកបណ្ឌិត សម្រេចនូវព្រះនិព្វានតាមលំដាប់។
ID: 636853135983694021
ទៅកាន់ទំព័រ៖