ព្រះត្រៃបិដក ភាគ ៤១
[៦០] គ្រានោះឯង តិកណ្ណព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះតិកណ្ណព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏និយាយសរសើរព្រាហ្មណ៍ទាំងឡាយ អ្នកបានវិជ្ជា៣ ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា ពួកព្រាហ្មណ៍ បានវិជ្ជា៣យ៉ាងនេះ ពួកព្រាហ្មណ៍បានវិជ្ជា៣ ដូច្នេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា៣ដោយប្រការយ៉ាងណា។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្នុងលោកនេះ ជាឧភតោសុជាត (មានជាតិល្អទាំងពីរខាង) គឺអំពីមាតាផង អំពីបិតាផង កើតអំពីផ្ទៃ ដ៏បរិសុទ្ធស្អាត ដែលបុគ្គលមិនរង្កៀស មិនតិះដៀល ដោយពោលអំពីជាតិបាន ដរាបអំពីជួរជីតា គំរប់ ៧ ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់ត្រើយ នៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ មានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះបទ និងវេយ្យាករណ៍
ID: 636853136180405272
ទៅកាន់ទំព័រ៖