ព្រះត្រៃបិដក ភាគ ៤១
២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០.០០០ជាតិខ្លះ រឭកអស់សំវដ្ដកប្បជាច្រើន វិវដ្ដកប្បជាច្រើន សំវដ្ដវិវដ្ដកប្បជាច្រើនក៏បាន ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើត ក្នុងភពឯណោះ ដែលកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ភិក្ខុនោះ រឭកបាននូវខន្ធ ដែលខ្លួននៅ ក្នុងកាលមុន ជាច្រើនប្រការ ព្រមទាំងអាការៈ គឺសម្បុរ និងអាហារ ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រ ដោយប្រការដូច្នេះ។ នេះជាវិជ្ជាទី១ ដែលភិក្ខុនោះបានសម្រេចហើយ អវិជ្ជាក៏បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុមិនមានសេចក្ដីប្រមាទ មានសេចក្ដីព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។
ID: 636853136804250954
ទៅកាន់ទំព័រ៖