ព្រះត្រៃបិដក ភាគ ៤១
ចាក់ធ្លុះនូវសច្ចៈ ទាំង៤ ទ្រទ្រង់នូវសរីរៈ មានក្នុងទីបំផុត ពួកទេវតា និងមនុស្ស តែងនមស្ការព្រះគោតមនោះ។ បុគ្គលណាដឹងនូវបុព្វេនិវាស ឃើញនូវសួគ៌ និងអបាយ មួយទៀត ជាខីណាសវមុនិ ដល់នូវការអស់ទៅនៃជាតិដឹងហើយ បានសម្រេចសម្រាន្តនៅ ដោយទីបំផុត នៃកិច្ច បានវិជ្ជា៣ ដោយវិជ្ជា៣នុ៎ះ តថាគត ហៅបុគ្គលអ្នកបានវិជ្ជា៣នោះ ថាជាព្រាហ្មណ៍ មិនមែនហៅបុគ្គលដទៃ តាមពាក្យដែលគេធ្លាប់ហៅឡើយ។
ម្នាលព្រាហ្មណ៍ វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន វិជ្ជា៣ របស់ព្រាហ្មណ៍ទាំងឡាយ ដោយឡែក វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក បពិត្រព្រះគោតមដ៏ចំរើន តែថា វិជ្ជា៣ របស់ព្រាហ្មណ៍ទាំងឡាយ មិនដល់នូវចំណែក ទី១៦ ៗ ដង នៃវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈនេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុក នូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។
ID: 636853137685801376
ទៅកាន់ទំព័រ៖