ព្រះត្រៃបិដក ភាគ ៤១
[៦១] គ្រានោះឯង ជានុស្សោណីព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។ លុះជានុស្សោណីព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន គ្រឿងបូជាក្ដី មតកភត្ត ដែលឲ្យដោយសទ្ធាក្ដី អាហារជាសំរាប់ ដែលគប្បីឲ្យ ដល់បុគ្គលដទៃក្ដី ទេយ្យធម៌ គឺវត្ថុក្រៅពីនោះក្ដី របស់បុគ្គលណា បុគ្គលនោះ គួរឲ្យទាន ចំពោះព្រាហ្មណ៍ទាំងឡាយ អ្នកបានវិជ្ជា៣ដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកមានវិជ្ជា៣ ដោយប្រការយ៉ាងណា។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្នុងលោកនេះ ជាឧភតោសុជាត (មានជាតិល្អទាំងពីរខាង) គឺខាងមាតា និងខាងបិតា កើតអំពីគភ៌ ដ៏បរិសុទ្ធ មិនមានបុគ្គលរង្កៀស មិនមានគេតិះដៀល ដោយពោលអំពីជាតិកំណើតបាន ដរាបអំពីជួរ នៃជីតា គំរប់៧ ស្វាធ្យាយ ទ្រទ្រង់នូវមន្ត ដល់ត្រើយ នៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ខុ និងកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឈ្មោះ ឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះបទ និងវេយ្យាករណ៍ ជាអ្នកស្ទាត់ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណៈ។
ID: 636853137868791843
ទៅកាន់ទំព័រ៖