ព្រះត្រៃបិដក ភាគ ៤១
បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា៣ យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ចុះវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ តើដូចម្ដេច វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈយ៉ាងណា សូមព្រះគោតមដ៏ចំរើន មេត្តាប្រោសសំដែងធម៌ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរប្រុងស្ដាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ជានុស្សោណីព្រាហ្មណ៍ ទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ក៏ចូលចតុត្ថជ្ឈាន។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធស្អាត ឥតមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រឭកឃើញ នូវបុព្វេនិវាសច្រើនប្រការ។ បេ។
ID: 636853138061592870
ទៅកាន់ទំព័រ៖