ព្រះត្រៃបិដក ភាគ ៤១
ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យដល់សេចក្ដីរលត់ទុក្ខ។ ដឹងច្បាស់តាមពិតថា ទាំងអស់នេះ ជាអាសវៈ។ បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យបានដល់សេចក្ដីរលត់អាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចិត្តក៏រួចស្រឡះ ចាកភវាសវៈផង ចិត្តក៏រួចស្រឡះ ចាកអវិជ្ជាសវៈផង កាលចិត្តរួចស្រឡះហើយ ញាណកើតឡើងថា ចិត្តរួចស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ នេះជាវិជ្ជាទី៣ ដែលភិក្ខុនោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនមានសេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។
ID: 636853138411822902
ទៅកាន់ទំព័រ៖