ព្រះត្រៃបិដក ភាគ ៤១
ម្នាលព្រាហ្មណ៍ បាដិហារ្យនេះ មាន៣។ បាដិហារ្យ៣ ដូចម្ដេច។ គឺឥទ្ធិប្បាដិហារ្យ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ១។ ម្នាលព្រាហ្មណ៍ ឥទ្ធិប្បាដិហារ្យ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានសម្រេចឫទ្ធិច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់វិញ ក៏បាន ដើរទៅមិនជាប់ចំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំ ហាក់ដូចជាដើរទៅ ក្នុងអាកាស ក៏បាន ធ្វើនូវការងើបឡើង ឬមុជចុះក្នុងផែនដី ហាក់ដូចជាងើបឡើង ឬមុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយ ហាក់ដូចជា ដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ហាក់ដូចសត្វស្លាប ក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់ព្រះចន្ទ ព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលព្រាហ្មណ៍ នេះហៅថា ឥទ្ធិប្បាដិហារ្យ។ ម្នាលព្រាហ្មណ៍ អាទេសនាបាដិហារ្យ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទាយ (ចិត្ត) តាមនិមិត្តថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ ចិត្តអ្នក ដូច្នេះខ្លះ។
ID: 636853139966631832
ទៅកាន់ទំព័រ៖