ព្រះត្រៃបិដក ភាគ ៤១
កាលណាហ្ន៎ ពួកក្សត្រិយ៍ នឹងអភិសេកអញ ដោយខត្តិយាភិសេកផង។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះសេចក្ដីប៉ុនប៉ង ក្នុងរាជាភិសេកណា របស់ព្រះរាជា ដែលមិនទាន់អភិសេក ក្នុងកាលមុននោះ សេចក្ដីប៉ុនប៉ង ក្នុងរាជាភិសេក របស់ព្រះរាជាអង្គនោះៗ បានស្កប់ព្រះរាជហឫទ័យហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលប្រាសចាកសេចក្ដីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះឯង មានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួក មានប្រាកដក្នុងពួកភិក្ខុ ក៏យ៉ាងនោះដែរ។ បុគ្គល៣ពួក តើដូចម្ដេច។ គឺបុគ្គលមិនមានសេចក្ដីប្រាថ្នា ១ មានសេចក្ដីប្រាថ្នា ១ ប្រាសចាកសេចក្ដីប្រាថ្នា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានសេចក្ដីប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានអំពើមិនល្អ មានមារយាទគួរឲ្យអ្នកផងរង្កៀស ជាអ្នកបិទបាំងបាបកម្មទុក មិនមែនជាសមណៈ តែប្ដេជ្ញាខ្លួនថា ជាសមណៈ មិនប្រព្រឹត្តព្រហ្មចារ្យ តែប្ដេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តព្រហ្មចារ្យ ជាអ្នកស្អុយខាងក្នុង មានចិត្តទទឹកដោយរាគៈ មានជាតិដ៏ជ្រោកជ្រាក។
ID: 636853055944616048
ទៅកាន់ទំព័រ៖