ព្រះត្រៃបិដក ភាគ ៤១
តថាគតពោលទៅនឹងសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះវិញថា បើដូច្នោះ អ្នកដ៏មានអាយុទាំងឡាយ នឹងប្រព្រឹត្តបាណាតិបាត ព្រោះមិនមានហេតុ មិនមានបច្ច័យ។ បេ។ នឹងគំនិតយល់ខុស ព្រោះមិនមានហេតុ មិនមានបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រាថ្នា ឬសេចក្ដីព្យាយាមថា កិច្ចនេះ គួរធ្វើក្ដី កិច្ចនេះ មិនគួរធ្វើក្ដី មិនសម្រេចដល់ពួកបុគ្គល ដែលប្រកាន់នូវអំពើ ដែលមិនមានហេតុ ថាជាសារៈឡើយ។ កាលបើកិច្ចដែលគួរធ្វើ និងមិនគួរធ្វើ មិនប្រាកដដោយពិត ដោយមាំមួនទេ សមណវាទដែលប្រកបដោយហេតុចំពោះខ្លួន ក៏មិនសម្រេច ដល់ពួកបុគ្គល ដែលភ្លេចស្មារតីនិងមិនមានការរក្សាឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាវាទៈរបស់តថាគតប្រកបដោយហេតុទី ៣ ជាធម៌សង្កត់សង្កិនពួកសមណព្រាហ្មណ៍ទាំងនោះ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ លទ្ធិនៃតិរ្ថិយ ទាំង៣ យ៉ាងនេះឯងហើយ ដែលបណ្ឌិតសាកសួររឿយ ៗ ដេញដោលរឿយៗ ប្រដៅរឿយៗ ប្រព្រឹត្តតាមបរម្បរាចារ្យ តាំងនៅដោយអកិរិយមតិ។
ID: 636853142701628265
ទៅកាន់ទំព័រ៖