ព្រះត្រៃបិដក ភាគ ៤១
ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យ នូវហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះអាស្រ័យ ) នូវផស្សាយតនៈ ៦នេះ គឺ ផស្សាយតនៈគឺចក្ខុ១ ផស្សាយតនៈគឺសោតៈ ១ ផស្សាយតនៈគឺឃានៈ១ ផស្សាយតនៈគឺជិវ្ហា១ ផស្សាយតនៈគឺកាយៈ១ ផស្សាយតនៈគឺមនោ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ ផស្សាយតនៈ ៦ ពួកសមណព្រាហ្មណ៍ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណា ដែលតថាគត បានពោលហើយដូច្នេះ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតបានសំដែងហើយថា នេះ មនោបវិចារ ១៨ ពួកសមណព្រាហ្មណ៍ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនុ៎ះតថាគត បានពោលហើយដូច្នេះឯង។ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុអ្វី។ ព្រោះឃើញ នូវរូបដោយចក្ខុ ហើយពិចារណានូវរូប ដែលជាទីតាំង នៃសោមនស្ស ពិចារណា នូវរូបដែលជាទីតាំង នៃទោមនស្ស ពិចារណានូវរូប ដែលជាទីតាំង នៃឧបេក្ខា ឮសំឡេងដោយត្រចៀក... ហិតក្លិនដោយច្រមុះ...
ID: 636853143326273993
ទៅកាន់ទំព័រ៖