ព្រះត្រៃបិដក ភាគ ៤១
ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្ដីសោក ខ្សឹកខ្សួល ទុក្ខទោមនស្ស តានតឹង ក៏កើតមានព្រម។ សេចក្ដីកើតឡើង នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខសមុទយអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខនិរោធអរិយសច្ច តើដូចម្ដេច។ សេចក្ដីរលត់សង្ខារ ព្រោះវិនាស រលត់ មិនមានសេសសល់នៃអវិជា្ជ សេចក្ដីរលត់វិញ្ញាណ ព្រោះរលត់សង្ខារ សេចក្ដីរលត់នាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប សេចក្ដីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ សេចក្ដីរលត់វេទនា ព្រោះរលត់ផស្សៈ សេចក្ដីរលត់តណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា សេចក្ដីរលត់ភព ព្រោះរលត់ឧបាទាន សេចក្ដីរលត់ជាតិ ព្រោះរលត់ភព សេចក្ដីចាស់ ស្លាប់ រលត់ ព្រោះរលត់ជាតិ សេចក្ដីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងការចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏រលត់ទៅ។ សេចក្ដីរលត់ នៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្ដេច។
ID: 636853143947189507
ទៅកាន់ទំព័រ៖