ព្រះត្រៃបិដក ភាគ ៤១
[៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្ដេចទៅកាន់ចារិក ក្នុងកោសលជនបទ មួយអន្លើដោយភិក្ខុសង្ឃជាច្រើនអង្គ ទ្រង់បានចូលទៅដល់ព្រាហ្មណគ្រាម ឈ្មោះវេនាគបុរី នៃកោសលជនបទ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេនាគបុរី បានឮច្បាស់ នូវដំណឹងនោះហើយ ទើបប្រកាសសេចក្ដីថា ម្នាលគ្នាយើង ឮថាព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ហើយស្ដេចបានមកដល់វេនាគបុរី។ កិត្តិស័ព្ទសរសើរព្រះគោតមដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ សុះសាយ យ៉ាងនេះថា ព្រះដ៏មានព្រះភាគនោះ ទ្រង់ព្រះនាមថា អរហំ ថា សម្មាសម្ពុទ្ធោ ថា វិជ្ជាចរណសម្បន្នោ ថា សុគតោ ថា លោកវិទូ ថាអនុត្តរោ ថា បុរិសទម្មសារថិ ថា សត្ថាទេវមនុស្សានំ ថា ពុទ្ធោ ថា ភគវា ព្រះអង្គបានតា្រស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គសំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល និងពីរោះបទខាងចុង ទ្រង់ប្រកាស នូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរ ដែលបានឃើញ បានជួបនឹងព្រះអរហន្ដទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក។
ID: 636853145600034044
ទៅកាន់ទំព័រ៖