ព្រះត្រៃបិដក ភាគ ៤១
តថាគតឯង ក៏ប្រមូលយកស្មៅ ឬស្លឹកឈើទាំងនោះ ដែលមានក្នុងព្រៃនោះ ឲ្យនៅតែមួយកន្លែង ហើយអង្គុយពែនភ្នែន ដំកល់កាយឲ្យត្រង់ តាំងសតិ ឆ្ពោះទៅកាន់កម្មដ្ឋាន តថាគតនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបិតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ សម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈ វិចារ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្ដាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ក៏សម្រេចសម្រាន្តនៅ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះបានដល់ នូវតតិយជ្ឈាននោះ ទើបសម្រេចសម្រាន្តនៅ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខមិនមែនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ក៏សម្រេចសម្រាន្តនៅ។
ID: 636853172339593460
ទៅកាន់ទំព័រ៖