ព្រះត្រៃបិដក ភាគ ៤១
ក្នុងបរិសទ្យ ក្នុងរាជគ្រឹះថា ធម៌របស់ពួកសមណសក្យបុត្តិយ៍ អញបានដឹងច្បាស់ហើយ លុះអាត្មាអញ បានដឹងច្បាស់ នូវធម៌របស់ពួកសមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនោះ យ៉ាងនេះ។ លំដាប់នោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ភិក្ខុទាំងនោះ បានស្ដាប់នូវវាចា ដែលសរភបរិព្វាជក ពោលក្នុងបរិសទ្យ ក្នុងក្រុងរាជគ្រឹះ យ៉ាងនេះថា ធម៌របស់ពួកសមណសក្យបុត្តិយ៍ អញបានដឹងច្បាស់ហើយ លុះអាត្មាអញ ដឹងច្បាស់នូវធម៌ របស់សមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនេះ។ លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រេចទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រឡប់ពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សរភបរិព្វាជក ទើបនឹងសឹកចាកធម្មវិន័យនេះ គាត់ក៏ពោលនូវពាក្យ ក្នុងបរិសទ្យ ក្នុងក្រុងរាជគ្រឹះ យ៉ាងនេះថា
ID: 636853173979197240
ទៅកាន់ទំព័រ៖