ព្រះត្រៃបិដក ភាគ ៤១
ធម៌របស់ពួកសមណសក្យបុត្តិយ៍ អញបានដឹងច្បាស់ហើយ លុះអាត្មាអញ បានដឹងច្បាស់ ធម៌របស់ពួកសមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនោះ យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ចូលទៅជួបនឹងសរភបរិព្វាជក ក្នុងបរិព្វាជការាម ក្បែរឆ្នេរស្ទឹងឈ្មោះ សប្បិនី ដោយសេចក្ដីអនុគ្រោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅជួបនឹងសរភបរិព្វាជក ក្នុងបរិព្វាជការាម ក្បែរឆ្នេរស្ទឹងឈ្មោះសប្បិនី លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ បានត្រាស់ទៅនឹងសរភបរិព្វាជក ដូច្នេះថា ម្នាលសរភៈ ឮថា អ្នកនិយាយយ៉ាងនេះថា ធម៌របស់ពួកសមណសក្យបុត្តិយ៍ អាត្មាអញ បានដឹងច្បាស់ហើយ លុះអាត្មាអញ បានដឹងច្បាស់ធម៌ របស់ពួកសមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនោះ យ៉ាងនេះ ពិតមែនឬ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សរភបរិព្វាជក ក៏នៅស្ងៀម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទៅនឹងសរភបរិព្វាជក អស់វារ ២ ដងថា ម្នាលសរភៈ អ្នកចូរនិយាយទៅមើលថា ដូចម្ដេច
ID: 636853174146016781
ទៅកាន់ទំព័រ៖