ព្រះត្រៃបិដក ភាគ ៤១
សមណព្រាហ្មណ៍ទាំងនោះ ក៏សំដែងប្រកាស នូវវាទៈរបស់ខ្លួនឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់ នូវវាទៈរបស់បុគ្គលដទៃដែរ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ មានសេចក្ដីងឿងឆ្ងល់សង្ស័យពេកណាស់ ចុះបណ្ដាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនេះ អ្នកណានិយាយពិត អ្នកណានិយាយកុហក។ ម្នាលកាលាមក្យត្រិយ៍ គួរអ្នកទាំងឡាយ ងឿងឆ្ងល់ដែរ គួរសង្ស័យដែរ ព្រោះការងឿងឆ្ងល់ និងការសង្ស័យ កើតឡើងដល់អ្នកទាំងឡាយ ក្នុងទីនេះហើយ។ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ អ្នកប្រាជ្ញតិះដៀល
ID: 636853175525115661
ទៅកាន់ទំព័រ៖