ព្រះត្រៃបិដក ភាគ ៤១
រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ឬ មិនប្រព្រឹត្តទៅទេ ឬក៏ក្នុងដំណើរនុ៎ះ ដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ដែលបុគ្គលសមាទាន បរិបូណ៌ហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ យើងខ្ញុំក៏យល់ក្នុងដំណើរនុ៎ះ ដូច្នោះដែរ។ ម្នាលកាលាមក្សត្រិយ៍ តថាគតបានសំដែង នូវហេតុនោះ ដូច្នេះហើយថា ម្នាលកាលាមក្សត្រិយ៍ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្តតាមការពិនិត្យថាសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើអ្នកដឹង ដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ ដែលអ្នកប្រាជ្ញតិះដៀល ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ ក្នុងកាលនោះ អ្នកត្រូវលះបង់ចោលចេញ ពាក្យណា ដែលតថាគតសំដែងហើយ ពាក្យនោះ តថាគតពោលហើយ ព្រោះអាស្រ័យ នូវហេតុនេះ ដោយប្រការដូច្នេះ។ ម្នាលកាលាមក្សត្រិយ៍ អ្នកចូរមក
ID: 636853176125309990
ទៅកាន់ទំព័រ៖