ព្រះត្រៃបិដក ភាគ ៤១
មិនមានចិត្តប្រកបដោយពៀរយ៉ាងនេះ មិនមានចិត្តព្យាបាទយ៉ាងនេះ មិនមានចិត្តសៅហ្មងយ៉ាងនេះ មានចិត្តបរិសុទ្ធយ៉ាងនេះ នេះ ជាអានិសង្ស៤យ៉ាង ដែលអរិយសាវកនោះ បានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់។ បេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ថាជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ចាំទុកនូវយើងខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមតទៅ។
[៦៨] សម័យមួយ ព្រះនន្ទកៈ ដ៏មានអាយុ គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងវត្តបុព្វារាម ទៀបក្រុងសាវត្ថី។ គ្រានោះ សាឡ្ហៈ ជាចៅរបស់មិគារសេដ្ឋីនិងរោហនៈ ជាចៅរបស់បេខុណិយសេដ្ឋី នាំគ្នាចូលទៅរកព្រះនន្ទកៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនន្ទកៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះសាឡ្ហៈ ជាចៅរបស់មិគារសេដ្ឋី អង្គុយនៅក្នុងទីសមគួរ ព្រះនន្ទកៈដ៏មានអាយុ បានពោលដូច្នេះថា
ID: 636853177633696265
ទៅកាន់ទំព័រ៖