ព្រះត្រៃបិដក ភាគ ៤១
ម្នាលសាឡ្ហៈ និងរោហនៈ អ្នកទាំងឡាយ ចូលមក អ្នកទាំងឡាយ កុំប្រកាន់ដោយការឮតៗគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយឮថាដូច្នេះ កុំប្រកាន់ដោយការអាងក្បួនតម្រា កុំប្រកាន់តាមហេតុដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះ តាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើងឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាអកុសល ធម៌ទាំងអម្បាលនេះ ប្រកបដោយទោស ធម៌ទាំងអម្បាលនេះ ដែលអ្នកប្រាជ្ញតិះដៀល ធម៌ទាំងអម្បាលនេះ ដែលបុគ្គលបានសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ ត្រូវលះចោលចេញ។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះដូចម្ដេច លោភៈមានដែរឬ។ សាឡ្ហៈ និងរោហនៈឆ្លើយថា មានដែរលោកម្ចាស់។ មា្នលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា លោភៈ ជាអភិជ្ឈា។
ID: 636853177829597470
ទៅកាន់ទំព័រ៖