ព្រះត្រៃបិដក ភាគ ៤១
ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើងឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាកុសល ធម៌ទាំងអម្បាលនេះ មិនប្រកបដោយទោស ធម៌ទាំងអម្បាលនេះ ដែលអ្នកប្រាជ្ញសរសើរ ធម៌ទាំងអម្បាលនេះ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ មា្នលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ គួរចូលទៅសម្រេចសម្រាន្តនៅចុះ។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អលោភៈ មានដែរឬ។ មានដែរ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា អលោភៈ ជាអនភិជ្ឈា (សេចក្ដីមិនលោភ) ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកមិនល្មោភ មិនមានអភិជ្ឈានេះ រមែងមិនសម្លាប់សត្វ មិនកាន់យកនូវវត្ថុដែលគេមិនបានឲ្យ មិនគប់រក នូវភរិយារបស់អ្នកដទៃ មិនពោលពាក្យកុហក ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះ ដែលជាហេតុប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។ មែនហើយ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អទោសៈ មានដែរឬ។
ID: 636853178525157254
ទៅកាន់ទំព័រ៖