ព្រះត្រៃបិដក ភាគ ៤១
ជាអរហន្ដ សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ទ្រង់ធម៌ អាស្រ័យនូវធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះកាយកម្ម ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះវចីកម្ម ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះមនោកម្ម ញុំាងធម្មចក្រ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ តាមធម៌នុ៎ះឯង។ ចក្កនោះ សមណៈ ឬព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬអ្នកណាមួយ ក្នុងលោក ធ្វើបដិវត្តពុំបានឡើយ។
[១៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់នៅក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា ១ព្រះអង្គ ព្រះនាមបចេតនៈ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទបចេតនៈ ទ្រង់ត្រាស់ទៅនឹងជាងរថម្នាក់ថា
ID: 636853057434881286
ទៅកាន់ទំព័រ៖