ព្រះត្រៃបិដក ភាគ ៤១
[៧០] ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរ (អ្នកទាំងឡាយ ) យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងឡាយអម្បាលនេះ មាន៣ យ៉ាង។ ធម៌ទាំង ៣ យ៉ាង តើដូចម្ដេច។ គឺរាគៈ១ ទោសៈ១ មោហៈ១។ ម្នាលអាវុសោទាំងឡាយ ធម៌ មាន៣ យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង៣ យ៉ាងនេះ ប្លែកគ្នា ដូចម្ដេច មានអធិប្បាយដូចម្ដេច មានសេចក្ដីផ្សេងគ្នាដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលត្រូវគេសួរ យ៉ាងនេះហើយ គប្បីព្យាករ ដូចម្ដេច ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងអម្បាលនោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាទីតាំង មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សូមព្រះរាជទានឱកាស សូមព្រះដ៏មានព្រះភាគ បំភ្លឺសេចក្ដី នៃភាសិតនុ៎ះ ឲ្យទាន ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹង សំដែង។ ភិក្ខុទាំងអម្បាលនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។
ID: 636853180753664717
ទៅកាន់ទំព័រ៖