ព្រះត្រៃបិដក ភាគ ៤១
ម្នាលជាងរថជាសម្លាញ់ អំណឹះទៅ៦ខែ អំពីខែនេះ យើងនឹងមានសង្រ្គាម ម្នាលជាងរថសម្លាញ់ អ្នកអាចធ្វើចក្រ ១ គូយ៉ាងថ្មី ឲ្យយើងបានឬទេ។ ម្នាលភិក្ខុទាំងឡាយ ជាងរថ បានក្រាបបង្គំទូលតបព្រះបាទបចេតនៈថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ អាចធ្វើបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ជាងរថ ធ្វើចក្រឲ្យសម្រេចបានតែម្ខាង ក្នុងវេលា ៦ ខែ ខ្វះ៦ រាត្រី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទបចេតនៈ ទ្រង់ត្រាស់ប្រាប់ជាងធ្វើរថថា ម្នាលជាងរថសម្លាញ់ កន្លងទៅ ៦ ថ្ងៃ អំពីថ្ងៃនេះ យើងនឹងមានសង្រ្គាម ចក្រ១គូយ៉ាងថ្មី អ្នកធ្វើសម្រេចហើយឬ។ សូមទ្រង់ព្រះមេត្តាប្រោស ធ្វើអស់ ៦ខែ ខ្វះ ៦ រាត្រីនេះឯង ហើយបានតែចក្រម្ខាង។ ម្នាលជាងរថសម្លាញ់ ចុះអ្នកអាចធ្វើចក្រ ទី២ ឲ្យសម្រេច ត្រឹមតែ៦ ថ្ងៃនេះ បានឬទេ។ ម្នាលភិក្ខុទាំងឡាយ ជាងរថបានទទួលតបព្រះឱង្ការព្រះបាទបចេតនៈថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ អាចធ្វើបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ជាងរថធ្វើចក្រ ទី២ ឲ្យសម្រេចត្រឹមតែ ៦ ថ្ងៃ រួចនាំយកចក្រទាំង ១គូយ៉ាងថ្មី (នោះ) ចូលទៅគាល់ព្រះបាទបចេតនៈ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលព្រះបាទបចេតនៈ យ៉ាងនេះថា
ID: 636853057627252289
ទៅកាន់ទំព័រ៖