ព្រះត្រៃបិដក ភាគ ៤១
[៧១] ម្នាលភិក្ខុទាំងឡាយ អកុសលមូល (ឫសគល់ នៃអកុសល) នេះ មាន ៣ យ៉ាង។ អកុសលមូល ៣ យ៉ាង តើដូចម្ដេច។ គឺលោភៈ ជាអកុសលមូល ១ ទោសៈ ជាអកុសលមូល ១ មោហៈ ជាអកុសលមូល ១។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាតួលោភៈ សភាវៈនោះ ជាអកុសល បុគ្គលអ្នកល្មោភ តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាអកុសលដែរ បុគ្គលអ្នកល្មោភ ត្រូវលោភៈគ្របសង្កត់ មានចិត្តត្រូវលោភៈរួបរឹត តែងរករឿង បង្កទុក្ខដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះ ហៅថា ជាអកុសល។ អកុសលធម៌ទាំងឡាយ ដ៏លាមកជាច្រើន កើតអំពីលោភៈ មានលោភៈជាដើមហេតុ មានលោភៈជាប្រភព មានលោភៈជាបច្ច័យ ទាំងអម្បាលនេះ រមែងប្រជុំកើតព្រមដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាតួទោសៈ សភាវៈនោះ ក៏ជាអកុសល បុគ្គលអ្នកប្រទូស្ត តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាអកុសលដែរ បុគ្គលអ្នកប្រទូស្ត ត្រូវទោសៈគ្របសង្កត់ មានចិត្តត្រូវទោសៈរួបរឹត តែងរករឿង បង្កទុក្ខដែលមិនពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ
ID: 636853181743221316
ទៅកាន់ទំព័រ៖