ព្រះត្រៃបិដក ភាគ ៤១

​អភូតវាទី​ ​(​និយាយ​ពាក្យ​មិន​ពិត​)​ ​ខ្លះ​ ​អនត្ថវាទី​ ​(​និយាយ​ពាក្យ​ ​ដែល​មិន​មានប្រយោជន៍​)​ ​ខ្លះ​ ​អធម្មវាទី​ ​(​និយាយ​មិន​ត្រូវ​តាម​ធម៌​ ​)​ ​ខ្លះ​ ​អវិនយវាទី​ ​(​និយាយ​មិន​ត្រូវ​តាម​វិន័យ​)​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​ដូចម្ដេច​ ​បាន​ជា​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ហៅថា​ ​អកាលវាទី​ខ្លះ​ ​អភូតវាទី​ខ្លះ​ ​អនត្ថវាទី​ខ្លះ​ ​អធម្មវាទី​ខ្លះ​ ​អវិនយវាទី​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិត​ណាស់​ ​ព្រោះថា​ ​បុគ្គល​នេះ​ ​តែង​បង្ក​ទុក្ខ​ ​ដល់​អ្នកដទៃ​ ​ដោយ​ការ​សម្លាប់​ខ្លះ​ ​ដោយ​ការ​ចាប់ចង​ខ្លះ​ ​ដោយ​ការបំផ្លាញ​ខ្លះ​ ​ដោយ​ការ​តិះដៀល​ខ្លះ​ ​ដោយ​ការ​បំបរបង់​ខ្លះ​ ​ដោយអាង​កំឡាំង​ថា​ ​អាត្មាអញ​ជា​អ្នកមាន​កំឡាំង​ខ្លះ​ ​តែ​កាលបើ​អ្នកដទៃ​ ​ហ៊ាន​និយាយ​ដោយ​សេចក្ដីពិត​ ​ក៏​បដិសេធ​ ​មិនព្រម​ទទួលដឹង​ ​កាលបើ​គេ​និយាយ​ ​ដោយ​សេចក្ដី​មិន​ពិត​ ​ក៏​មិន​ធ្វើ​ព្យាយាម​ ​ដើម្បី​ដឹង​ ​នូវ​សេចក្ដី​មិន​ពិត​នោះ​ថា​ ​ពាក្យ​នោះ​ ​មិនមែនទេ​ ​ដូច្នេះ​ក្ដី​ ​ពាក្យ​នុ៎ះ​ ​មិន​ពិត​ទេ​ ​ដូច្នេះ​ក្ដី​ ​ព្រោះហេតុនោះ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ហៅថា​ ​អកាលវាទី​ខ្លះ​ ​អភូតវាទី​ខ្លះ​ ​អនត្ថវាទី​ខ្លះ​ ​អធម្មវាទី​ខ្លះ​ ​អវិនយវាទី​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ត្រូវ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​កើតអំពី​លោភ​ ​គ្រប​សង្កត់​ ​មានចិត្ត​ត្រូវ​អកុសលធម៌​រួបរឹត​ ​តែង​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្ដី​ចង្អៀតចង្អល់​ ​សេចក្ដីតានតឹង​ ​និង​សេចក្ដី​ក្ដៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​មាន​ទុគ្គតិ​ជាទី​ប្រាកដ​។​ ​កើតអំពី​ទោសៈ​។​បេ​។​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636853182145064301
ទៅកាន់ទំព័រ៖