ព្រះត្រៃបិដក ភាគ ៤១
អាត្មាអញមិនទាក់ទាមនឹងនរណាៗ ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេ ក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេ ក៏ដឹងថា នេះមាតាបិតារបស់អញ បុត្រភរិយារបស់គេ ក៏ដឹងថា នេះជាស្វាមីរបស់អញ ទាំងខ្លួនគេ ក៏ដឹងថា នេះជាបុត្រភរិយា របស់អញ ពួកបុរសជាទាសកម្មកររបស់គេ ក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេ ក៏ដឹងថា នេះជាពួកបុរស ដែលជាទាសកម្មកររបស់អញ (សាវកទាំងនោះ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា (អ្នកដឹកនាំ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ។ តថាគតពោលថា ពាក្យដឹកនាំនេះ ជាពាក្យមុសាវាទរបស់គេ។ លុះកន្លងរាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ្យ។ តថាគតពោលថា ការបរិភោគនេះ ជាអទិន្នាទានរបស់គេ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថៈ។ ម្នាលនាងវិសាខា និគណ្ឋុបោសថៈ ដែលគេរក្សាយ៉ាងនេះ ជាឧបោសថៈមិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្ដីរុងរឿងច្រើន មិនផ្សាយផលច្រើនទេ។ ម្នាលនាងវិសាខា ចុះអរិយុបោសថៈ តើដូចម្ដេច។
ID: 636853184187581126
ទៅកាន់ទំព័រ៖