ព្រះត្រៃបិដក ភាគ ៤១
ម្នាលនាងវិសាខា ការអាស្រ័យកាក (កន្ទួតព្រៃ) ផង អាស្រ័យដីផងអាស្រ័យទឹកផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបធ្វើក្បាល ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាមយ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏យ៉ាងនោះដែរ។ ម្នាលនាងវិសាខា ចុះការធ្វើចិត្តដែលសៅហ្មង ឲ្យផូរផង់ ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។ បេ។ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ កាលអរិយសាវកនោះ កំពុងរឭករឿយៗ នូវព្រះតថាគត ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថារក្សា ព្រហ្មុបោសថៈ (ឧបោសថៈរបស់ព្រហ្ម ) នៅរួមនឹងព្រហ្ម ចិត្តរបស់គេប្រារព្ធចំពោះព្រហ្ម រមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបកិ្កលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។
ID: 636853184659648126
ទៅកាន់ទំព័រ៖