ព្រះត្រៃបិដក ភាគ ៤១
ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះធម៌ថា ព្រះធម៌ ដែលព្រះដ៏មានព្រះភាគត្រាស់ ប្រពៃហើយ ជាធម៌ដែលបុគ្គលប្រតិបត្តិ គប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌គួរហៅអ្នកដទៃ ឲ្យចូលមកមើលបាន ជាធម៌គួរបង្អោនចូលមកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជន គប្បីដឹងចំពោះខ្លួន។ កាលអរិយសាវកនោះ កំពុងរឭកនូវព្រះធម៌ ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ដូចការជម្រះកាយ ដែលមិនស្អាត រមែងឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការជម្រះកាយ ដែលមិនស្អាត រមែងឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។
ID: 636853184883960956
ទៅកាន់ទំព័រ៖