ព្រះត្រៃបិដក ភាគ ៤១
ម្នាលនាងវិសាខា ការអាស្រ័យដុំលំអិត សម្រាប់ជម្រះកាយផង អាស្រ័យលំអិត សម្រាប់ងូតផង អាស្រ័យទឹកផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបធ្វើការជម្រះកាយ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនោះដែរ។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះធម៌ថា ព្រះធម៌ ដែលព្រះដ៏មានព្រះភាគ ត្រាស់ទុកប្រពៃហើយ។ បេ។ ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងចំពោះខ្លួន។ កាលអរិយសាវកនោះ កំពុងរឭកនូវព្រះធម៌ ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា រក្សាធម្មុបោសថៈ នៅរួមដោយធម៌ ចិត្តរបស់អរិយសាវកនោះ ប្រារព្ធចំពោះព្រះធម៌ រមែងជ្រះថ្លា សេចក្ដីរីករាយ ក៏រមែងកើតឡើង
ID: 636853185163896968
ទៅកាន់ទំព័រ៖