ព្រះត្រៃបិដក ភាគ ៤១
ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ការធ្វើចិត្តដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿងៗ នូវព្រះសង្ឃថា ពួកសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិប្រពៃហើយ ពួកសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិត្រង់ហើយ ពួកសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរហើយ គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា ពួកសាវកណា បើរាប់ជាគូ នៃបុរសបាន៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ពួក សាវកនៃព្រះដ៏មានព្រះភាគនុ៎ះ គួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមក អំពីចម្ងាយ ហើយបូជា គួរទទួលនូវអាគន្ដុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្ត នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ កាលអរិយសាវកនោះ កំពុងរឭករឿងៗ នូវព្រះសង្ឃ ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយ សាវកនោះ ក៏លះបង់បាន។
ID: 636853185346947438
ទៅកាន់ទំព័រ៖