ព្រះត្រៃបិដក ភាគ ៤១
ម្នាលនាងវិសាខា ព្រោះអាស្រ័យប្រេងផង អាស្រ័យផេះផង អាស្រ័យច្រាសផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបដុសខាត់កញ្ចក់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏យ៉ាងនោះឯង។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រឭករឿយៗ នូវសីលរបស់ខ្លួន ដែលជាសីលមិនដាច់ មិនធ្លុះធ្លាយ... ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ កាលអរិយសាវកនោះ កំពុងរឭករឿយៗ នូវសីល ចិត្តក៏រមែងជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា រក្សាសីលុបោសថៈ នៅរួមដោយសីល មួយទៀត ចិត្តរបស់អរិយសាវកនោះ ប្រារព្ធចំពោះសីល ក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះឯង។
ID: 636853185890708539
ទៅកាន់ទំព័រ៖