ព្រះត្រៃបិដក ភាគ ៤១
ក៏វៀរចាកការមើលរបាំ និងការស្ដាប់ចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវ ដល់កុសលធម៌ និងការទ្រទ្រង់ប្រដាប់ ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថា អាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្ដទាំងឡាយ លះបង់ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ វៀរស្រឡះចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចទីដេកដ៏ទាប លើគ្រែក្ដី លើកម្រាលស្មៅក្ដី រហូតអស់មួយជីវិត អាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ វៀរស្រឡះ ចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចទីដេកដ៏ទាប លើគ្រែក្ដី លើកម្រាលស្មៅក្ដី អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ម្នាលនាងវិសាខា យ៉ាងនេះឈ្មោះថា អរិយុបោសថៈ ម្នាលនាងវិសាខា អរិយុបោសថៈ ដែលបុគ្គលរក្សាយ៉ាងនេះ តែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្ដីរុងរឿងច្រើន ផ្សាយផលទៅច្រើន។ មានផលច្រើនយ៉ាងណា មានអានិសង្សច្រើនយ៉ាងណា មានសេចក្ដីរុងរឿងច្រើនយ៉ាងណា ផ្សាយផលទៅច្រើនយ៉ាងណា។
ID: 636853187209593975
ទៅកាន់ទំព័រ៖