ព្រះត្រៃបិដក ភាគ ៤១
ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សានូវឧបោសថៈ ប្រកបដោយអង្គ៨ ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី។ ម្នាលនាងវិសាខា ដែលថា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួច នេះតថាគតពោល សំដៅយកត្រង់ហេតុនុ៎ះឯង។
បុរស ឬស្រ្តី មិនគប្បីសម្លាប់សត្វ១ មិនគប្បីលួចយកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ ១ មិនគប្បីនិយាយកុហក១ មិនគប្បីក្រេបផឹក នូវទឹកស្រវឹង ១ គប្បីវៀរចាកមេថុន ដែលមិនមែនជាសេចក្ដីប្រព្រឹត្តិដ៏ប្រសើរ១ មិនគប្បីបរិភោគភោជន ក្នុងវេលារាត្រី និងភោជន ក្នុងវេលាខុសកាល ១ មិនគប្បីទ្រទ្រង់កម្រងផ្កា មិនគប្បីប្រើប្រាស់គ្រឿងក្រអូប ១ គប្បីដេកលើគ្រែ (ដែលត្រូវប្រមាណ) ឬកម្រាល ដែលក្រាលផ្ទាស់នឹងផែនដី ១ (បណ្ឌិតទាំងឡាយ ពោលសរសើរ ) ឧបោសថៈ ប្រកបដោយអង្គ ៨នុ៎ះ ដែលព្រះពុទ្ធ ទ្រង់ដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសទុកហើយ។
ID: 636853188411322710
ទៅកាន់ទំព័រ៖