ព្រះត្រៃបិដក ភាគ ៤១

​បពិត្រ​អានន្ទ​ដ៏​ចំរើន​ ​លោក​ប្រតិបត្តិ​ដើម្បី​លះ​រាគៈ​ ​ប្រតិបត្តិ​ដើម្បី​លះ​ទោសៈ​ ​ប្រតិបត្តិ​ដើម្បី​លះ​មោហៈ​ ​ប្រតិបត្តិ​ត្រូវហើយ​ ​ក្នុង​លោក​ ​បពិត្រ​អានន្ទ​ដ៏​ចំរើន​ ​លោក​បាន​លះ​រាគៈ​ហើយ​ ​បាន​រំលើង​ឫសគល់​ចោល​ហើយ​ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​ ​ជា​ធម្មតា​ ​លោក​បាន​លះ​ទោសៈ​ហើយ​។​បេ​។​ ​លោក​បាន​លះ​មោហៈ​ហើយ​ ​បាន​រំលើង​ឫសគល់​ចោល​ហើយ​ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​ ​ជា​ធម្មតា​ ​លោក​ឈ្មោះថា​ ​ដើរ​ត្រូវ​ក្នុង​លោក​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពីរោះ​ណាស់​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ដូច​គេ​ផ្ងារ​ ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​ ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​មនុស្ស​អ្នក​វង្វេង​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ទ្រោល​ប្រទីប​ប្រេង​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​អ្នកមាន​ភ្នែក​ ​រមែង​មើលឃើញ​រូប​ទាំងឡាយ​ ​យ៉ាងណាមិញ​ ​ធម៌​ដែល​លោកម្ចាស់​អានន្ទ​ ​បាន​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បពិត្រ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​នោះ​ ​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​រលឹក​ ​សូម​លោកម្ចាស់​អានន្ទ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះករុណា​ ​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​ពី​ថ្ងៃនេះ​តទៅ​។​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636853190714814462
ទៅកាន់ទំព័រ៖