ព្រះត្រៃបិដក ភាគ ៤១
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីអនុគ្រោះអ្នកណា ឬថា ពួកជនណា ដែលជាមិត្រក្ដី អាមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់នូវពាក្យ ដែលត្រូវស្ដាប់ ម្នាលអានន្ទ ជនទាំងនោះ អ្នកទាំងឡាយ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងឋានៈ ៣ យ៉ាង។ ឋានៈ៣ យ៉ាងនេះ តើដូចម្ដេច។ គឺគួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថី ទូន្មាននូវបុរស ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត ១ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះធម៌ថា ធម៌ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹង ហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន
ID: 636853207376497456
ទៅកាន់ទំព័រ៖