ព្រះត្រៃបិដក ភាគ ៤១
ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ភព ភព ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ភព តើដោយហេតុដូចម្ដេច។ ម្នាលអានន្ទ បើកម្មដែលឲ្យផល ក្នុងកាមធាតុ មិនមានហើយ កាមភពគប្បីមានប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក ចេតនា និងសេចក្ដីប្រាថ្នា របស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហា ជាគ្រឿងព័ន្ធព័ទ្ធ រមែងដំកល់នៅស៊ប់ ក្នុងធាតុដ៏ថោកទាប គឺកាមធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមាន យ៉ាងនេះ។ ម្នាលអានន្ទ បើកម្មដែលឲ្យផល ក្នុងរូបធាតុ មិនមានហើយ រូបភព គប្បីមានប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក ចេតនា និងសេចក្ដីប្រាថ្នា របស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហា ជាគ្រឿងព័ន្ធព័ទ្ធ រមែងដំកល់នៅស៊ប់ ក្នុងធាតុជាន់កណ្ដាល គឺរូបធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ៉ាងនេះ។
ID: 636853208502371852
ទៅកាន់ទំព័រ៖