ព្រះត្រៃបិដក ភាគ ៤១
[៨២] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្ដាប់ចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញុំាងលោកធាតុ ទាំង១០០០ ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ ដោយសំឡេងបាន ម្នាលអានន្ទអភិភូនោះ ជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបាន ទេ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ជាគំរប់២ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្ដាប់ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ ដោយសំឡេងបានបពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ ដោយសំឡេងបាន។
ID: 636853209771834461
ទៅកាន់ទំព័រ៖