ព្រះត្រៃបិដក ភាគ ៤១
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ព្រះចន្រ្ទ និងព្រះអាទិត្យ ដ៏រុងរឿង គោចរទៅ បំភ្លឺទិសទាំង ឡាយ បានត្រឹមណា ត្រឹមណោះ ជាលោកមួយ (ត្រូវកំណត់យកលោកនោះ)១០០០ ក្នុងលោកដែលកំណត់ ១០០០ដងនោះ មានព្រះចន្រ្ទ ១០០០ព្រះអាទិត្យ ១០០០ សេ្ដចភ្នំសិនេរុ ១០០០ ជម្ពូទ្វីប ១០០០ អបរគោយានទ្វីប ១០០០ឧត្ដរកុរុទ្វីប ១០០០ បុព្វវិទេហទ្វីប ១០០០ មហាសមុទ្រ ៤០០០ មហារាជ (លោកបាល) ៤០០០ ស្ថានចាតុម្មហារាជិកៈ ១០០០ ស្ថានតាវត្តិង្ស ១០០០ស្ថានយាមៈ ១០០០ ស្ថានតុសិត ១០០០ ស្ថាននិម្មានរតី ១០០០ ស្ថានបរនិម្មិតវសវត្តី ១០០០ ព្រហ្មលោក ១០០០។ ម្នាលអានន្ទ នេះហៅថា សហស្សីចូឡនិកាលោកធាតុ
(១) (លោកធាតុតូច)។ ម្នាលអានន្ទ សហស្សីចូឡនិកាលោកធាតុកំណត់ត្រឹមណា ត្រឹមណោះ ទុកជាលោកមួយ (លោកនោះកំណត់) ១០០០ដង ម្នាលអានន្ទ នេះហៅថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ
(២) ។ ម្នាលអានន្ទ ទ្វិសហស្សីមជ្ឈិមិកាលោកធាតុត្រឹមណា ត្រឹមណោះ ជាលោកមួយ (លោកនោះកំណត់) ១០០០ដង ម្នាលអានន្ទ នេះហៅថា តិសហស្សីមហាសហស្សីលោកធាតុ
(៣) ។
(១) អដ្ឋកថាន័យ សេចក្តីថា ភពផែនដី ដែលកំណត់ដោយព្រះអាទិត្យ១ ព្រះចន្ទ្រ១ អាចផ្សាយរស្មីភ្លឺបានត្រឹមណា ទីត្រឹមណោះ ទុកជាលោកធាតុ១ ឬចក្រវាឡ១។ (២) កំណត់យកលោកធាតុ ឬចក្រវាឡមួយៗនោះ មួយពាន់ដង ហៅថា មួយសហស្សីចូឡនិកាលោកធាតុ។ កំណត់យកសហស្សីចូឡនិកាលោកធាតុនោះ មួយពាន់ដង ហៅថា មួយទ្វិសហស្សីមជ្ឈិមិកាលោកធាតុ។ លោកធាតុទី២នេះ ហួសវិស័យសាវកហើយ ជាវិស័យរបស់ព្រះពុទ្ធប៉ុណ្ណោះ។ ដែលហៅថា ជាតិក្ខេត្តរបស់ព្រះពុទ្ធនោះ សំដៅយកលោកធាតុទី២នេះឯង គឺក្នុងថ្ងៃ ដែលព្រះពោធិសត្វ ច្យុតចាកទេវលោក មកចាប់បដិសន្ធិ ក្នុងបច្ឆិមភពក្តី ថ្ងៃប្រសូតិក្តី ថ្ងៃចេញមហាភិនិស្ក្រមន៍ក្តី ថ្ងៃត្រាស់ដឹងក្តី ថ្ងៃសំដែងធម្មចក្កប្បវតនសូត្រក្តី ថ្ងៃដាក់អាយុសង្ខារក្តី ថ្ងៃបរិនិព្វានក្តី លោកធាតុទាំងប៉ុណ្ណោះ កម្រើកញាប់ញ័រ។ (៣) កំណត់យកទ្វិសហស្សីមជ្ឈិមិកាលោកធាតុនោះ មួយពាន់ដង ហៅថា មួយតិសហស្សីមហាសហស្សីលោកធាតុ។ បើព្រះសម្ពុទ្ធ ប្រាថ្នាផ្សាយព្រះសរីរោភា កំចាត់បង់ងងឹត ក្នុងទីមានប្រមាណប៉ុណ្ណេះ ព្រះអង្គ អាចផ្សាយបាន ឥតមានទើស។ ទីប៉ុណ្ណេះហើយ ដែលហៅថា អាណាខេត្ត គឺអំណាចអាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និងរតនបរិត្ត ដែលព្រះសម្ពុទ្ធ ទ្រង់សំដែងហើយ អាចផ្សាយដល់ទីប្រមាណប៉ុណ្ណោះ។
ID: 636853210374018904
ទៅកាន់ទំព័រ៖