ព្រះត្រៃបិដក ភាគ ៤១
ម្នាលអានន្ទ កាលបើតថាគតប្រាថ្នា គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ ដោយសំឡេងបានឬថា គប្បីប្រាថ្នាដល់ត្រឹមណាក៏បាន
(១) ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ ដោយសំឡេងបាន ឬថា គប្បីប្រាថ្នាដល់ត្រឹមណាក៏បាន តើដូចម្ដេច។ ម្នាលអានន្ទ ក្នុងលោកនេះ តថាគត ផ្សាយរស្មីទៅកាន់តិសហស្សីមហាសហស្សីលោកធាតុ កាលណា ពួកសត្វទាំងនោះ ស្គាល់ច្បាស់នូវពន្លឺនោះបានក្នុងកាលនោះ តថាគតគប្បីធ្វើនូវសំឡេងឲ្យគឹកកង ញុំាងសំឡេងឲ្យលាន់ឮ
(១) សំដៅយកវិសយក្ខេត្ត ៗរបស់ព្រះពុទ្ធនេះ ប្រមាណមិនបាន ឥតមានទើសទាល់ឡើយ។ ចំនួនចក្រវាឡនោះ ច្រើនហួសនឹងគណនាបាន ឧបមាដូចជាបុគ្គលវិសេសណាមួយ ចង់ដឹងចំនួនចក្រវាឡ ហើយយកគ្រាប់ស្ពៃ ដែលពេញពីផែនដី ដល់ព្រហ្មលោក ក្នុង១សែនកោដិចក្រវាឡ ទៅរកចក្រវាឡ ក្នុងទិសខាងកើត ឃើញចក្រវាឡ១ ហើយដាក់គ្រាប់ស្ពៃ១គ្រាប់ ឃើញចក្រវាឡប៉ុន្មាន ក៏ដាក់គ្រាប់ស្ពៃប៉ុណ្ណោះ យ៉ាងនេះ គ្រាប់ស្ពៃទាំងឡាយអស់នោះ មិនគ្រាន់អស់មុន ឯចក្រវាឡ នៅតែមានច្រើនទៅទៀត។ ចំណែកចក្រវាឡ ក្នុងទិសឯទៀត ក៏មានន័យដូចគ្នាដែរ។
ID: 636853210627413398
ទៅកាន់ទំព័រ៖