ព្រះត្រៃបិដក ភាគ ៤១
ម្នាលអានន្ទ តថាគត គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ ដោយសំឡេងបាន ឬថា គប្បីប្រាថ្នាដល់ណា ក៏បានយ៉ាងនេះឯង។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូល យ៉ាងនេះថា ឱ ជាលាភរបស់ខ្ញុំព្រះអង្គហើយខ្ញុំព្រះអង្គ ឈ្មោះថា បានល្អហើយ ព្រោះថា ព្រះសាស្ដារបស់ខ្ញុំព្រះអង្គ មានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ។ កាលបើព្រះអានន្ទដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយតបនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអានន្ទ ប្រសិនបើព្រះសាស្ដារបស់អ្នក មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ តើអ្នកនឹងបានអ្វី ក្នុងដំណើរនុ៎ះ។ កាលបើព្រះឧទាយិដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះដ៏មាន ព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុ ដូច្នេះថា ម្នាលឧទាយិ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលឧទាយិ បើអានន្ទ មិនទាន់ប្រាសចាករាគៈ យ៉ាងនេះ ហើយគប្បីធ្វើមរណកាល ដោយចិត្តជ្រះថ្លានោះ អានន្ទគប្បីសោយទេវរជ្ជសម្បត្តិ ក្នុងទេវលោក ៧ដង សោយមហារជ្ជសម្បត្តិ ក្នុងជម្ពូទ្វីបនេះ ៧ ដង ម្នាលឧទាយិ តែថា អានន្ទនឹងបរិនិព្វាន ក្នុងអត្តភាពជាបច្ចុប្បន្ននេះ។
ចប់ អានន្ទវគ្គ ទី៣។
ID: 636853210912779720
ទៅកាន់ទំព័រ៖