ព្រះត្រៃបិដក ភាគ ៤១
សមណវគ្គ
[៨៣] ម្នាលភិក្ខុទាំងឡាយ សមណកិច្ចរបស់សមណៈនេះ មាន៣យ៉ាង។ កិច្ច ៣យ៉ាង តើដូចម្ដេច។ គឺការសមាទាន នូវអធិសីលសិក្ខា ១ ការសមាទាន នូវអធិចិត្តសិក្ខា ១ ការសមាទាន នូវអធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសមណកិច្ច របស់សមណៈ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិសីលសិក្ខា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិចិត្តសិក្ខា យើងនឹងមានសេចក្តីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិប្បញ្ញាសិក្ខា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
[៨៤] ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចលា ជាប់តាមហ្វូងគោ អំពីក្រោយៗថា អញជាគោដែរ អញជាគោដែរ។ តែសម្បុរលានោះ មិនមែនដូចជាសម្បុររបស់ពួកគោទេ សម្រែកបែបលានោះ ក៏មិនដូចពួកគោទេ ស្នាមជើងបែបលានោះ ក៏មិនដូចពួកគោទេ។
ID: 636853211443260061
ទៅកាន់ទំព័រ៖