ព្រះត្រៃបិដក ភាគ ៤១
[៨៥] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើមុន របស់គហបតី អ្នកភ្ជួរនេះមាន ៣ យ៉ាង។ កិច្ច ៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ គហបតីអ្នកភ្ជួរ ក្នុងលោកនេះ មុនដម្បូង ត្រូវភ្ជួររាស់ស្រែឲ្យល្អ លុះភ្ជួររាស់ស្រែ ឲ្យល្អដំបូងហើយ ក៏សាបព្រោះពូជ តាមកាលដ៏គួរ លុះសាបព្រោះពូជ ក្នុងកាលដ៏គួរហើយ ក៏បញ្ចូលទឹកខ្លះ បញ្ចេញទឹកខ្លះ តាមសម័យដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាកិច្ចដែលត្រូវធ្វើមុន របស់គហបតី អ្នកភ្ជួរ៣យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បុព្វកិច្ចរបស់ភិក្ខុនេះ ក៏មាន៣យ៉ាង ដូច្នោះដែរ។ កិច្ច៣យ៉ាង តើដូចម្ដេច។ គឺការសមាទាននូវអធិសីលសិក្ខា ១ ការសមាទាន នូវអធិចិត្តសិក្ខា ១ ការសមាទាននូវអធិប្បញ្ញាសិក្ខា១។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាបុព្វកិច្ច៣ យ៉ាង របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវអធិសីលសិក្ខា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិចិត្តសិក្ខា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិប្បញ្ញាសិក្ខា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។
ID: 636853211901206254
ទៅកាន់ទំព័រ៖