ព្រះត្រៃបិដក ភាគ ៤១
ភិក្ខុនោះ ជាសសង្ខារបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ភិក្ខុនោះ ជាអសង្ខារបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ភិក្ខុនោះ ជាឧបហច្ចបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម៥។ ភិក្ខុនោះ ជាអន្តរាបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម៥។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ ធ្វើឲ្យបរិបូណ៌ក្នុងបញ្ញា ភិក្ខុនោះ នៅត្រូវសិក្ខាបទតូច និងតូចបន្ទាប់ទាំងនោះខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ឲ្យឈ្មោះថា ជា អភព្វ ក្នុងហេតុនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ឲ្យតែភិក្ខុនោះមានសីលខ្ជាប់ខ្ជួន មានសីលស្ថិតស្ថេរ សមាទានសិក្សាក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ គង់បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ក្រៃលែងខ្លួនឯងក្នុងបច្ចុប្បន្ន។
ID: 636853214500914949
ទៅកាន់ទំព័រ៖