ព្រះត្រៃបិដក ភាគ ៤១
កាលបើមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវឧទ្ធំសោតអកនិដ្ឋគាមីនោះទេ គង់តែបានសម្រេចភាពជាសកទាគាមី ព្រោះអស់សញ្ញោជនៈ ៣ ព្រោះស្រាលស្ដើងរាគៈ ទោសៈ មោហៈ មកកាន់លោកនេះ ត្រឹមតែម្ដង ក៏ធ្វើនូវទីបំផុតទុក្ខបាន។ កាលបើមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវសកទាគាមិផលនោះទេ ដោយហោចទៅ គង់បានសម្រេចភាពជាឯកពីជីសោតៈ ព្រោះអស់សញ្ញោជនៈ ៣ កើតក្នុងភព ជារបស់មនុស្សតែម្ដងប៉ុណ្ណោះ ក៏ធ្វើនូវទីបំផុត នៃទុក្ខបាន។ ឬក៏មិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវឯកពីជីនោះទេ គង់បានសម្រេចភាពជាកោលង្កោលៈ ព្រោះអស់សញ្ញោជនៈ៣ ត្រេចរង្គាត់ អន្ទោលទៅកាន់ត្រកូល២ ឬ៣ ក៏ធ្វើនូវទីបំផុតទុក្ខបាន។ ពុំនោះសោត កាលបើមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវកោលង្កោលៈនោះទេ គង់បានសម្រេចភាពជាសត្តក្ខត្តុបរមៈ ព្រោះអស់សញ្ញោជនៈ ៣ ត្រេចរង្គាត់ អន្ទោលទៅ ក្នុងទេវលោក និងមនុស្សលោកយ៉ាងច្រើន ត្រឹម៧ជាតិ ក៏ធ្វើនូវទីបំផុតទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកធ្វើឲ្យបរិបូណ៌ រមែងសម្រេចមគ្គផលបរិបូណ៌ បុគ្គលអ្នកធ្វើបានដោយអន្លើ រមែងសម្រេចមគ្គផលដោយអន្លើ ដោយប្រការដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែសំដែងថា សិក្ខាបទទាំងឡាយ មិនមែនឥតអំពើទេ។
ID: 636853215270848987
ទៅកាន់ទំព័រ៖