ព្រះត្រៃបិដក ភាគ ៤១
[៩២] ម្នាលភិក្ខុទាំងឡាយ សិក្ខានេះ មាន៣។ សិក្ខា៣ តើដូចម្ដេច។ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុទាំងឡាយ អធិសីលសិក្ខា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។ បេ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិសីលសិក្ខា។ ម្នាលភិក្ខុទាំងឡាយ អធិចិត្តសិក្ខា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិចិត្តសិក្ខា។ ម្នាលភិក្ខុទាំងឡាយ អធិប្បញ្ញាសិក្ខា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាខ្លួនឯងដ៏ក្រៃលែង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិប្បញ្ញាសិក្ខា។ ម្នាលភិក្ខុទាំងឡាយ នេះឯងសិក្ខា ៣។
បុគ្គលមានព្យាយាម មានកំឡាំង មានប្រាជ្ញា ជាគ្រឿងទ្រទ្រង់ មានឈាន មានស្មារតី មានឥន្រ្ទិយគ្រប់គ្រង គួរប្រព្រឹត្តនូវអធិសីលផង អធិចិត្តផង អធិប្បញ្ញាផង
ID: 636853215676632197
ទៅកាន់ទំព័រ៖