ព្រះត្រៃបិដក ភាគ ៤១
[៩៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនរូប បានដល់និគមឈ្មោះ បង្កធា របស់ដែនកោសល។ បានឮថា សម័យនោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបង្កធានិគម របស់ដែនកោសល។ សម័យនោះ ភិក្ខុឈ្មោះ កស្សបគោត្រ ជាចៅអាវាស ក្នុងបង្កធានិគម។ បានឮថា ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដ៏ប្រកបដោយសិក្ខាបទ។ គ្រាកាលដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដ៏ប្រកបដោយសិក្ខាបទហើយ ភិក្ខុកស្សបគោត្រ មានសេចក្ដីមិនអត់ទ្រាំ មិនត្រេកអរថា សមណៈនេះ ដូចជាដុសខាត់ជ្រុលពេក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបង្កធានិគម តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ក៏ទ្រង់ត្រេចចារិកទៅកាន់ក្រុងរាជគ្រឹះ កាលទ្រង់ត្រេចចារិក ដោយលំដាប់ ក៏បានដល់ក្រុងរាជគ្រឹះនោះ។
ID: 636853216044473236
ទៅកាន់ទំព័រ៖